អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន និងចែកចាយបន្តនូវសារសម្លេង ព្រមទាំងឯកសារមួយចំនួន ដែលត្រូវបានអះអាងថាជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការបែងចែកចំណូល ចំណាយផ្សេងៗ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន កំពុងពិនិត្យនិងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា មេត្តាកុំយករូបថតរបស់ថ្នាក់ដឹកនាំអង្គភាព ឬមន្ត្រីមិនពាក់ព័ន្ធ ទៅភ្ជាប់ជាមួយករណីខាងលើ ដែលបង្កជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ក៏ដូចជាអង្គភាពទាំងមូល៕