ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញជាដើម។
ការសម្រេចឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
នាឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតបន្ថែមទៀត។
ដោយក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។
បន្ថែមពីនេះ ចំពោះវិស័យទេសចរណ៍នេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពឱ្យក្រសួងទេសចរណ៍បង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ៕