សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណសភានិយាយភាសាបារាំង (APF) ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិតនៅក្នុងការឃ្លាំមើលលើបញ្ហានយោបាយកាលពីឆ្នាំ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀតនៅកម្ពុជា ដូចជាវិស័យសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងនៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថល។
ការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សម្តេចរដ្ឋភាធិបតី បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។ ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។
សម្តេចរដ្ឋសភាធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិងវប្បធម៌បារាំងនៅអាស៊ីអាគ្នេយ៍ តាមរយៈការគាំទ្រលើសំណើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបារាំងបង្កើតមជ្ឈមណ្ឌលភាសានិងវប្បធម៌បារាំងនៅកម្ពុជាប្រចាំតំបន់អាស៊ីអាគ្នេយ៍។សម្តេចបវរធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១ ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា សភាកម្ពុជាជាសមាជិកមួយក្នុងចំណោមសមាជិកទាំង៨៧របស់ APF ដែលបានចាប់កំណើតឡើងនៅឆ្នាំ១៩៦៧ នៅប្រទេសលុចសំបួរ៕