រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងបង្កើតក្រុមការងារចម្រុះរដ្ឋនិងឯកជន ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សីលធម៌សង្គមនិងសុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះធ្វើឡើងក្រោយពីមានកិច្ចប្រជុំរវាងក្រសួងព័ត៌មាននិងម្ចាស់ស្ថានីយ៍ទូរទស្សន៍នានាដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើប។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កន្លងទៅនេះដើម្បីគ្រប់គ្រងសណ្តាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មានបានពង្រឹងឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គមដោយបានណែនាំ៖ ១-សូមបញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀងប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ, ២-ពិធីករពិធីការិនីដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសានិងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និងបណ្តាញទំនាក់ទំនងសង្គម, ៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើតុល្យភាពនៃសារបៃការផ្សាយពាណិជ្ជកម្មនិងសារអប់រំ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគឺជាភាពចាំបាច់ ដើម្បីគ្រប់ភាគីចូលរួមក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលិគ្រឿងស្រវឹង។ «ការរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន ជួយទៅដល់ប្រជាជនកម្ពុជាដែលជាអ្នកប្រើប្រាស់ផលិតផល , កាត់បន្ថយគ្រោះថ្នាក់ និងបង្កើននូវសុខដុមនីយកម្មក្នុងសង្គម»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចំពោះមុខតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងបានស្នើឱ្យអនុវត្តនូវលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធដែលមានជាធរមានឱ្យបានល្អ។

បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រុមការងារបច្ចេកទេសចម្រុះរវាងស្ថាប័នរដ្ឋនិងឯកជននឹងត្រូវបង្កើតឡើង ដើម្បីមានភាពងាយស្រួលក្នុងការពិភាក្សានិងដាក់ចុះនូវដំណោះស្រាយនានាសំដៅលើការគ្រប់គ្រងបច្ចេកទេសក្នុងការផលិតស្ពតពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មនានាដែលគោរពបាននូវក្រមសីលធម៌ និងអនុលោមតាមច្បាប់។ តំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលបានចូលរួមប្រជុំ បានបង្ហាញនូវការគាំទ្រចំពោះវិធានការនិងការសម្រេចនានាដែលបានផ្តួចផ្តើម និងដាក់ចុះអនុវត្តដើម្បីចូលរួមគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង៕