ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics បានបង្ហាញពីបងំណងរបស់ខ្លួន ដោយចង់ពង្រីកការវិនិយោគលើវិស័យឡូជីស្ទីក ថាមពល ពិសេសសុខាភិបាលបន្ថែមទៀតនៅកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម។
ការលើកឡើងនេះ ធ្វើឡើងក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
នាឱកាសនោះ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics បានឱ្យដឹងថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។
លោកបន្តថា ចំណែកក្រុមហ៊ុន Aegros ជាផ្នែកមួយនៃ Freshstart Group ជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល បច្ចេកវិទ្យា និងថាមពល។
ដោយលោកបានបញ្ជាក់ដូច្នេះថា ៖«សូមគោរពជម្រាបជូន សម្ដេចធិបតី អំពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក និងថាមពល ជាពិសេស វិស័យសុខាភិបាល»។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗក្នុងការគាំទ្រដល់បរិយាកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ ហើយក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។
ជាងនេះទៀត ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន។
គួរបញ្ជាក់ដែរថា នាឱកាសនោះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវបទប្បញ្ញត្តិនានា និងវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ ខណៈរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាលផងដែរ ៕
អត្ថបទ៖ រង្សី