សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានការស្ទង់មតិរបស់អង្គការអន្តរជាតិជំនាញមួយលើការដឹកនាំរបស់រាជរដ្ឋាភិបាលមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត។ មុនបោះឆ្នោតរកឃើញថា ពលរដ្ឋជាង ៧០ភាគរយ យល់ថារាជរដ្ឋាភិបាលដឹកនាំត្រឹមត្រូវ។ លុះក្រោយបោះឆ្នោតការយល់ថា ការដឹកនាំរបស់រាជរដ្ឋាភិបាលត្រឹមត្រូវឡើងរហូតដល់ ៨២ភាគរយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចរដ្ឋបាលថ្មី ដឹកនាំគ្រប់គ្រងប្រទេស និងដាក់បទបញ្ជានានាអត់មានការអនុវត្តន៍។ ប៉ុន្តែមិនដូច្នោះទេ រយៈពេលជាង ៦ខែនេះ ពលរដ្ឋមានការពេញចិត្ត និងគាំទ្រខ្ពស់។ សម្តេចគូសបញ្ជាក់ថា លទ្ធផលនៃការពេញចិត្តរបស់ប្រជាពលរដ្ឋគឺខ្ពស់ ដូច្នេះត្រូវបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងដឹកនាំប្រទេសឱ្យកាន់តែខ្លាំងថែមទៀត មិនត្រូវឱ្យកម្លាំងចិត្តគាំទ្ររបស់ប្រជាពលរដ្ឋធ្លាក់ចុះនោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់ ប្រកបដោយភាពស្និទស្នាល និងកក់ក្តៅក្រោមស្នាមញញឹមមហាគ្រួសារខ្មែរ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា