ពីប្រទេសអូស្រ្តាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តអះអាងថា ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើប្រជាពលរដ្ឋរំពឹងអ្វី។ ក្នុងន័យនេះមន្ត្រីរាជការណាឱ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺបណ្តេញចេញពីក្របខ័ណ្ឌ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់បញ្ហាគ្រឿងញៀន គឺមិនមែនមានតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស ដោយបានដាក់ចេញនូវវិធានការជាច្រើន។ ហើយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន និងអនុប្រធាន។
សម្តេចធិបតីបញ្ជាក់ថា ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មន្ត្រីកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនកន្លែង ដោយរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំរាប់តោន ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «ខ្ញុំបានដាក់បទបញ្ជា គឺអត់មានការយោគយល់ចំពោះមន្ត្រីរាជការណា ឱ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺបណ្តេញចេញពីក្របខ័ណ្ឌ មិនគិតថាអ្នកឯងជាអ្នកណាទេ កាលខ្ញុំនៅជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានដាក់គោលការណ៍នៅសាលាយោធាបណ្តេញចេញអត់មានយោគយល់ទេ […] អីឡូវចាប់ផ្តើមពីអាជ្រុងហ្នឹង គឺយកពីមន្ត្រីរដ្ឋាភិបាលតែម្តង ធ្វើហើយកុំឱ្យចូលវិញ ហើយចាប់ផ្តើមជ្រុងផ្សេងៗទៀត បើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកបម្រើរាស្ត្រ អ្នកអនុវត្តន៍ច្បាប់ខ្លួនឯងអត់ស្អាតផង តើយើងទៅរំពឹងស្អី អញ្ចឹងគ្រឿងញៀនេះត្រូវចាប់ផ្តើមមុន»៕