ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ ប្រមាណជាង១,០០០នាក់ រសៀលថ្ងៃទី០៣ ខែមីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការដែលសម្តេចមិនតបតជាមួយក្រុមប្រឆាំងមួយក្ដាប់តូចនៅប្រទេសអូស្ដ្រាលី ព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនោះទេ។
ការចេញមកបញ្ជាក់របស់សម្តេចធិបតី ពីបន្ទាប់ពីក្រុមប្រឆាំងមួយក្ដាប់តូចគឺមានគ្នាប្រមាណ១០០-២០០នាក់ នៅប្រទេសអូស្ដ្រាលី ដែលចេញមកប្រឆាំងដំណើរទស្សនកិច្ចរបស់សម្ដេច ដែលពួកគេបានប្រើប្រាស់នូវពាក្យអសុរោះមកលើសម្តេច។
សម្ដេចធិបតីមានប្រសាសន៍ថា៖ «មានគេសួរខ្ញុំថា ម្សិលមិញមានគេប្រមូលគ្នា១០០-២០០នាក់ ទៅធ្វើបាតុកម្មជេរព្យុះ មួយមាត់ណាក៏ជេរដែរ ផ្ដាច់ការ អ្នកដែលចូលរួមថ្ងៃនេះគេលាបពណ៌ថា អ្នកបម្រើជនផ្ដាច់ការ។ គេសួរថា ចុះមិចមិនតបអ្នកគាំទ្រយើងរាប់ពាន់នាក់ មិចក៏មិនចេញសារដាក់វិញទៅខ្លាំងជាងគេផង មួយគុណ១០, វាអត់ចំណេញ។ បើប្រាប់ថាក្ដៅ ខ្ញុំធ្លាប់ក្ដៅជាងនេះ កាលខ្ញុំមកអូស្ដ្រាលីឆ្នាំ២០១៦ បាយក្ដៅ។ កាលនោះមិនមែនគាត់នៅចម្ងាយ២គីឡូដីពីយើងអញ្ចឹងទេ គាត់នៅមុខតែម្ដង ស្រែកសុទ្ធតែថា ខ្មោចស៉ីពែរ គ្មានផលប្រយោជន៍អីទេ»។
សម្ដេចធិបតីបានអះអាងថា ក្នុងនាមជាខ្មែរដូចគ្នាទោះទៅដល់ទីណាត្រូវប្រកាន់ស្មារតីសាមគ្គី ប្រកាន់ស្មារតីត្រជាក់។ សម្ដេចបានគូសបញ្ជាក់ថា សិទ្ធិនៃការបញ្ចេញមតិធ្វើយ៉ាងណាក៏ធ្វើចុះ ប៉ុន្ដែកុំឈានដល់ការប្រើប្រាស់អំពើហិង្សា ឬវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលនេះជាការគោរពគ្នាទៅវិញទៅមក។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ប្រសិនបើខ្មែរដូចគ្នាម្ខាងគាំទ្រ ម្ខាងមិនគាំទ្រ ហើយស្រែកជេរគ្នាទៅប្រទេសអូស្ដ្រាលី អត់មានចំណេញអ្វីដល់ប្រទេសជាតិទាល់តែសោះ ពោលមានតែខ្មាស់ប៉ូលិសអូស្ដ្រាលី និងបង្កើតបានជាភាពស្អប់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕