ក្រុមហ៊ុនជប៉ុន ចង់ផ្តល់ពូជទំពាំងបាយជូជប៉ុនដល់កម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីចុងខែមីនាកន្លងទៅនេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។

ក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍នូវបំណងល្អ​របស់ក្រុមហ៊ុន និងណែនាំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទពូជនេះ ដើម្បីអ្នកជំនាញសិក្សាលម្អិត។ ដោយឡែក ចំពោះការនាំចូលថ្នាំកសិកម្មមកធ្វើអាជីវកម្ម ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនចុះបញ្ជីតាមច្បាប់របស់កម្ពុជា៕