សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ខណៈសម្តេចក៏បានអះអាងថា ការលើកស្ទួយតម្លៃនៃសម្បត្តិវប្បធម៌ជាតិ គឺជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពផងដែរ។
សម្តេចធិបតី ថ្លែងបែបនេះ គឺដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ។ នេះបើតាមសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី បានបន្តថា ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
បន្ថែមពីនេះ សម្តេចធិបតី អះអាងថា៖« ការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប គឺជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើនដែលជួយបង្កើនប្រាក់ចំណូលនិងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានស្នើឱ្យក្រសួងវប្បធម៌ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយ ដើម្បីបំណ្តុះស្មារតីប្រជាពលរដ្ឋ ពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ៕