អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយទាំងភាសាខ្មែរ និងអង់គ្លេស

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាម សម្តែងការសោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញ​ប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ។

តាមរយៈសេចក្តីជូនដំណឹង ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថម​ថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

ភ្នំពេញប៉ុស្តិ៍ បានរៀបរាប់ទៀតថា ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាត​បង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ៖ អក្ខរា