ស្នងការបដិសេធថា គ្មានការកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់ឡើយ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង មិនអាចកែច្នៃបានឡើយ បើស្រវឹង លទ្ធផលតេស្តឃើញស្រវឹង បើគ្មានជាតិស្រវឹងគឺគ្មាន។ ការអះអាងនេះ បន្ទាប់ពីមានការចោទប្រកាន់ថា មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់។

ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី២៩ ខែកុម្ភៈនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់កើតទុកមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសមត្ថកិច្ចក៏បានកោះហៅអ្នក​បើករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេង សុជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ចូលមកសួរនាំនៅកន្លែងធ្វើការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ។ នៅពេលនោះសមត្ថកិច្ច ក៏បានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងដោយម៉ាស៊ីននោះផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ។ ម៉ាស៊ីននេះត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេសសម្រាប់ធ្វើតេស្តជាតិស្រវឹង ហើយជាទូទៅម៉ាស៊ីននេះបើធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹងគឺឃើញ ហើយបើគ្មានជាតិស្រវឹងគឺគ្មាន។ មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោកក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្វីដែលជាការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅរយៈពេលជាង០១ខែមកនេះដែលសមត្ថកិច្ចចុះអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងពិនិត្យជាតិស្រវឹង គឺមិនមានបាតុភាពតវ៉ារបស់ប្រជាពលរដ្ឋអ្នកធ្វើតេស្តរកឃើញជាតិស្រវឹងទៅលើការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះទេ។ ក្នុងរយៈពេល០១ខែក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹងនៅពេលយប់គឺសង្កេតឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅគោលដៅខាងមុខផ្សារព្រែកព្នៅ សមត្ថកិច្ចពិនិត្យយានយន្តសរុប៦៦គ្រឿង (រថយន្ត ចំនួន ៤៥គ្រឿង, ម៉ូតូ ចំនួន២១គ្រឿង) ក្នុងចំណោមយានយន្តទាំងនេះ សមត្ថកិច្ចពិនិត្យធ្វើតេស្តចំពោះអ្នកបើកបរយានយន្ត គឺមានអ្នកបើកក្រោមឥទ្ធិពលជាតិស្រវឹងសរុប ០៦គ្រឿង ប៉ុណ្ណោះ (រថយន្ត ចំនួន០១គ្រឿង, ម៉ូតូ ចំនួន ០៥គ្រឿង)៕