បច្ចុប្បន្ននេះ មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។ នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល ១២ខែ អង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ ក្នុងមួយសប្តាហ៍ពីរដង បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ក្បាល បានស្លាប់ ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។ នេះបើតាមការការឲ្យដឹងពីក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ផ្វព្សផ្សាយដោយអច្ឆរិយភាពនៃទន្លេមេគង្គ នាពេលថ្មីៗនេះ។
ក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប បញ្ជាក់ថា៖ «ជាលក្ខណៈជីវសាស្ត្ររបស់សត្វស្លាប វាពុំអាចមើលឃើញអ្វីដែលតូចឆ្មារពីចម្ងាយបានឡើយ។ ពេលវាហោះទៅកៀកនឹងខ្សែបណ្តាញអគ្គិសនី នោះអ្វីៗ គឺហួសពេលទៅហើយ។ សត្វមិនអាចហោះគេចបាន ក៏បុកស្លាប់តែម្តងទៅ»។
លោក ភារុណ បានបន្ថែមទៀតថា៖ «សត្វខ្សឹបងាប់ចំនួន ៦ក្បាលនេះ បើគិតពីចំនួនសត្វខ្សឹបនាពេលបច្ចុប្បន្ននេះ គឺជាចំនួនភាគរយដ៏ច្រើនមួយ។ បើយោងតាមស្ថិតិជំរឿនក្នុងឆ្នាំ២០២៣ របស់អង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) មានសត្វខ្សឹបឈ្មោលបង្ហាញខ្លួនត្រឹមតែ ១៧៦ក្បាលប៉ុណ្ណោះ ដែលចំនួននេះ មិនរាប់បញ្ចូលចំនួនសត្វខ្សឹបញី និងសត្វខ្សឹបវ័យជំទង់ឡើយ»។
នៅក្នុងប្រទេសកម្ពុជា សត្វបក្សីខ្សឹប មានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។
«សត្វបក្សីខ្សឹប» Bengal florican មានឈ្មោះវិទ្យាសាស្ត្រ (Houbaropsis bengalensis) មានដើមកំណើតនៅក្នុងឧបទ្វីបឥណ្ឌា និងប្រទេសកម្ពុជា។ ខ្សឹប ជាប្រភេទបក្សីកម្រ និងជិតផុតពូជបំផុត ក្នុងបញ្ជីក្រហម IUCN Red List ក្នុងឆ្នាំ ២០២៤។
ចំពោះកក្តាគំរាមកំហែងចំពោះសត្វខ្សឹប កន្លងមក និងនាពេលចប្ចុប្បន្ននេះ ត្រូវបានលោក ភារុណ បានបញ្ជាក់យ៉ាងខ្លីថា គឺដោយសារការបាត់បង់ទីជម្រក។ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ការទន្ទ្រានដី និងប្រែក្លាយតំបន់វាលស្មៅធម្មជាតិ ទៅជាតំបន់កសិកម្ម ស្រែចម្ការ មានទំហំធំណាស់។ ក្នុងពេលបច្ចុប្បន្ននេះ វាលស្មៅធម្មជាតិដែលនៅសេសសល់ស្ទើរទាំងស្រុង គឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយតំបន់ទាំងនោះ កំពុងទ្រទ្រង់វត្តមានរបស់ប្រភេទសត្វដ៏កម្រនេះ មានប្រមាណជាង ៨៥% នៃចំនួនសរុប ដែលមាននៅក្នុងប្រទេសកម្ពុជា»៕