ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន៥ ជាប្រយោជន៍មន្ត្រីរាជការ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជានាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាប់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នទាំងអស និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ២០០នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ការជួបជុំគ្នាពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន ៥ ស្តីពីការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់ឆ្នាំ២០២៤។ សេចក្តីព្រាងអនុក្រឹត្យចំនួន៥ ពាក់ព័ន្ធនឹងការដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ ព្រមទាំងដាក់អង្គប្រជុំជូនសមាជិក សមាជិកា អន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាទៅលើអនុក្រឹត្យទាំង៥ រួមមាន៖ ១)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ ២)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា ៣)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ៤)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៥)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយ និងវិធានការនានាដែលបានដាក់ចេញកន្លងមក និងកំពុងរៀបចំនាពេលនេះ សុទ្ធតែបានបង្ហាញពីការយកចិត្តទុកដាក់ រិះរកមធ្យោបាយគ្រប់សព្វបែបយ៉ាងតាមលទ្ធភាព របស់រាជរដ្ឋាភិបាលជាប្រចាំ ចំពោះជីវភាព និងសុខុមាលភាពរបស់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជន ហើយដែលឆ្លើយតបជាមួយការរីកលូតលាស់នៃសង្គមជាតិ។ ជាងនេះទៅទៀត ការចូលរួមជាធាតុចូលរបស់សមាជិក សមាជិកាអង្គប្រជុំ នាថ្ងៃនេះ រំលេចចេញនូវការគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងគោលដៅអភិវឌ្ឍ និងការពារផលប្រយោជន៍មន្ត្រីរាជការគ្រប់ជាន់ថ្នាក់។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជឿជាក់ថា ក្រសួងស្ថាប័នទាំងអស់នឹងចូលរួមសហការយ៉ាងមុះមុត ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលគាំទ្រដល់បេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អការជ្រើសរើសមន្ត្រីរាជការស៊ីវិល សហការក្នុងការងារវិភាគមុខងារក្រសួង ស្ថាប័ន អង្គភាព និងការងារកែលម្អប្រព័ន្ធការងារផ្សេងៗទៀត ក្នុងគោលដៅបម្រើសេវាជូនប្រជាជនកាន់តែប្រសើរ៕