រដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ

រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ ផ្ទុយទៅវិញមានតែការពង្រឹងភាពជាដៃគូជាមួយសេវាករចែកចាយអគ្គិសនី ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវផ្នែកបរិស្ថាន។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គម Facebook ផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ។

ជាតូបនីយកម្ម​មានន័យថា​ ការធ្វើ​ ឬការផ្ទេររបស់អ្វីមួយ​ដែលជារបស់ឯកជន ឬរបស់ជាតិដទៃឲ្យទៅជារបស់ជាតិ​របស់រដ្ឋវិញ។

បើតាមរបាយការណ៍បានឱ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% នៃចំនួន ភូមិទូទាំងប្រទេស រួចក្នុងឆ្នាំ២០២៣នេះ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ០.៦០% នៃចំនួនភូមិថែមទៀត ធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី៩៨.២៧% នៅចុងឆ្នាំ២០២២ មក ៩៨.៨៧% នៅចុងឆ្នាំ២០២៣ ។

ដោយឡែកចំពោះភូមិពុំទាន់ មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១៦០ ដែលក្នុងនោះ មានភូមិ ១៤៣ ឋិតក្នុងដែនអាជ្ញាបណ្ណដែល យើងបានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ឋិតនៅក្រៅដែនអាជ្ញាបណ្ណ ។

អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានធ្វើការសិក្សារួមគ្នា អំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនី ទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង ។ ផ្អែកតាមការសិក្សានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៨៣ ភូមិទៀត ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៧៧ ត្រូវជា ០.៥៤% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ៕

អត្ថបទ៖ អក្ខរា