រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក «ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមានភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។
ជាថ្មីម្ដងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ និងជនរួមជាតិទាំងអស់ជ្រាបថា ផែនទី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែ បន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ ហើយផែនទីនេះបង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនត ប៉ុណ្ណោះ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះករណីនេះ៕