លោក ហង្ស បឿន អតីតអ្នករត់តុ ក្លាយជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដ៏ធំមួយ នៅថៃ

លោក ហង្ស បឿន អតីត​ពលករ​ខ្មែរ​ធ្វើ​ការងារ​រត់​តុ លាងចាន នៅ​ភោជនីយដ្ឋាន និង​ធ្លាប់​បួស​ជា​ព្រះសង្ឃ​ផង​នោះ បាន​ក្លាយ​ខ្លួន​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ថៃ។

ជា​កូន​កសិករ​រស់នៅ​ខេត្ត​តាកែវ លោក ហង្ស បឿន បាន​ឃ្លាតឆ្ងាយ​ពី​ស្រុក​កំណើត​មក​រស់នៅ​ជា​មួយ​ម្ដាយ​មីង​នៅ​ខេត្ត​បាត់ដំបង ក្នុង​ឆ្នាំ ២០០២ និង​បាន​បួស​រៀន​ចំនួន ៧ វស្សា។

ក្រោយ​មក​នៅ​ឆ្នាំ ២០០៩ លោក​បាន​ធ្វើជា​ពលករ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ រហូត​ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន «ស្រឡាញ់​អ្នក» ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ។

ការវិវត្តន៍​ខ្លួន​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន លោក ហង្ស បឿន បញ្ជាក់​ថា ផ្ដើម​ចេញ​ពី​ការ​តស៊ូ ព្យាយាម និង​ការ​មាន​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ពី​ពលករ​ទៅ​ជា​ថៅកែ​ក្រុមហ៊ុន តាម​ពាក្យ​មួយ​ថា «ថ្ងៃនេះ យើង​រត់​តុ​ហាង ថ្ងៃក្រោយ​យើង​នឹង​ធ្វើជា​ថៅកែ​ហាង»៕