មេធាវីការពារក្តីឳ្យលោក កឹម សុខា គឺលោក ចាន់ ចេន កាលពីម្សិលមិញនេះ បានចេញមកសំពងក្បាលលោក គឹម សុខ ដែលជាអ្នកវិភាគមិនគ្រប់ទឹកដែលបានចោទប្រកាន់លោក កឹម សុខា ថា មិនបានជួយការពារទណ្ឌិត សម រង្ស៊ី នៅក្នុងតុលាការសាលាឧទ្ធរណ៍។ លោក ចាន់ ចេន បានប្រាប់ទៅលោក គឹម សុខ ថា បើចង់ការពារទណ្ឌិត សម រង្ស៊ី ណាស់ ទៅធ្វើជាមេធាវីការពារទណ្ឌិតនោះតែម្តងទៅ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ចាន់ ចេន បានសរសេរបែបនេះថា៖«លោក កឹម សុខា ត្រូវបានគេចោទ និងកាត់ទោស ហើយគាត់ប្តឹងជំទាស់នឹងការចោទ និងផ្តន្ទាទោសគាត់។ ដូច្នេះ អ្នកមិនបានរៀនសូត្រជ្រៅជ្រះយ៉ាងណាក៏ចេះដឹងដែរថា ការដែលគាត់ចូលទៅតតាំងក្តីក្នុងសវនាការឧទ្ធរណ៍នោះ គឺដើម្បីដោះបន្ទុកពីការចោទរបស់គេមកលើរូបគាត់។ ប៉ុន្តែ គួរឲ្យអស់សំណើច គឹម សុខ តាំងខ្លួនជាអ្នកវិភាគ អ្នកផ្តល់យោបល់ បែរជានិយាយដោយប្រមាថ លោកកឹម សុខា ថា ជាមេដឹកនាំទន់ខ្សោយ ធ្លាក់ឧត្តមភាព បាត់ឥស្សរៈភាព ព្រោះតែក្នុងសវនាការនោះ លោកកឹម សុខា មិនបាននិយាយការពារលោកសម រង្សី និយាយការពារតែខ្លួនឯង»។
ការអះអាងរបស់លោកមេធាវី ចាន់ ចេន នេះ គឺបន្ទាប់ពីលោក គឹម សុខ បានសរសេរសារលើហ្វេសប៊ុកថា ចម្លើយរបស់លោក កឹម សុខា នៅសវនាការ បង្ហាញថា លោកខ្សោយពេកហើយ និងធ្លាក់ឧត្តមភាព ឬបាត់ឥស្សរភាព ជាមេដឹកនាំនយោបាយប្រជាធិបតេយ្យកំពូលម្នាក់របស់ប្រទេសជាតិ។ លោក គឹម សុខ ថា ចៅក្រមសួរទាក់ទងនឹងសម្ព័ន្ធភាពជាមួយទណ្ឌិត សម រង្ស៊ី ភ្ជាប់នឹងការចោទថា សម រង្ស៊ី ជាបុគ្គលហិង្សា តែលោក កឹម សុខា មិនហ៊ានការពារភាពត្រឹមត្រូវរបស់ដៃគូសម្ព័ន្ធភាពសហការជារួមរបស់គាត់ ឱ្យរឹងមាំ ហើយទៅឆ្លើយក្នុងគោលដៅយកតែរួចខ្លួនគាត់ ដោយផ្ដល់ចម្លើយលើកឧទាហរណ៍ប្រៀបធៀបដល់សម័យប៉ុលពត និងស្នាដៃអហិង្សារបស់គាត់ស្ទើរផ្ដាច់មុខតែគាត់ម្នាក់ឯង ក្នុងការដឹកនាំអតីតគណបក្សសង្គ្រោះជាតិកន្លងមក។
លោក គឹម សុខ ថែមទាំងសរសេរចោទសួរថា៖ «ខ្ញុំសួរថា ការប្រឹងឆ្លើយយករួចខ្លួនតែឯងតាមផ្លូវតុលាការ តើសង្ឃឹមថា នឹងបានរួចខ្លួន មានសេរីភាពនយោបាយពេញលេញទេ? បើនរណាសង្ឃឹមដូច្នេះ មិនខុសពីស្រមៃថា អាចដើរលើពពកបាន ដោយជើងទាំងគូរ»។
ចំពោះការលើកឡើងនេះ មេធាវី ចាន់ ចេន បានប្រាប់ឳ្យលោក គឹម សុខ ទៅរៀនសូត្រឡើងវិញ បើចង់តាំងខ្លួនជាទីប្រឹក្សាគេ។ លោកមេធាវី ប្រាប់លោក គឹម សុខថា ត្រូវយល់ថា លោកកឹម សុខា ទៅតតាំងក្នុងសវនាការនោះគឺ ក្នុងរឿងក្តីរបស់គាត់(កឹម សុខា) មិនមែនរឿងក្តី សម រង្សីទេ ហើយក្នុងសវនាការនោះ លោកកឹម សុខា ទៅតតាំងដោះបន្ទុកដែលគេចោទគាត់។ គាត់មិនមែនជាមេធាវីទៅការពារសម រង្សី ដែលគេសម្រេចថាជាទណ្ឌិតហើយនោះទេ។បើលោក គឹម សុខ ចង់ការពារសម រង្សី អញ្ជើញធ្វើជាអ្នកក្លាហានមកធ្វើជាមេធាវីឲ្យសម រង្សីទៅ អាសុីសេរីនឹងហៅចូលនិយាយយកល្បីចុះ៕
ដោយ៖ ជម្ពូនុទ