លទ្ធផលបឋមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្ហញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។
បើតាម គ.ជ.ប គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាបានរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការប្រកួតប្រជែងដោយសេរី យុត្ដិធម៌ និងតម្លាភាព ស្ថិតក្នុងបរិយាកាសសុខដុមរមនា និងគ្មានអំពើហិង្សា។
សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្លូវការថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ដោយបានបើកទូលាយឱ្យគ្រប់និន្នាការបានចូលរួមប្រកួតប្រជែងស្មើភាព ដោយឈរលើឧត្តមគតិតម្កល់ផលប្រយោជន៍រួមគឺ ជាតិនិងប្រជាជនកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចធិបតីបានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិ ក្នុងនាមជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ៕