គណៈប្រតិភូរដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ៥ថ្ងៃ

គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Kha​m​cha​n​h​ SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជន​ជាតិ​ភាគតិច អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ​២០​២៤។

តាមកម្មវិធីគ្រោងទុក គណៈប្រតិភូរដ្ឋសភាឡាវ នឹងចូលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈ​កម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម លូ គឹម ឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុង​​ព្រះសីហនុ នឹងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងអញ្ជើញទៅទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរោងចក្រផលិតស្រាបៀរអង្គរ៕