អាជ្ញាធររាជធានីភ្នំពេញ ប្តេជ្ញាលុបបំបាត់ជំងឺគ្រុនឈាមឱ្យបានទាំងស្រុងក្នុងភូមិសាស្រ្តខណ្ឌទាំង ១៤

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។ វិធានជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ នាថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ។

រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញជាជំហានដំបូងនេះ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌទាំង៥នេះ ឱ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ នៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យបានទាំងស្រុងគ្មានជំងឺគ្រុនឈាមនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់កន្លែងទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម  ដើម្បីរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម៕