នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់បទឧទ្ទេសលើមុខវិជ្ជាវិភាគព្រឹត្តិការណ៍ជូនដល់និស្សិតថ្នាក់បណ្ឌិតមុខជំនាញវិទ្យាសាស្រ្តនយោបាយដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា។
ជាក់ស្តែងណាស់ មុខជំនាញវិទ្យាសាស្រ្តនយោបាយពិតជាមិនអាចខ្វះបាននូវធាតុដ៏សំខាន់នោះទេ ពោលគឺការវិភាគវិនិច្ឆ័យលើព្រឹត្តិការណ៍ប្រកបដោយទឡ្ហីករណ៍បែបវិទ្យាសាស្រ្ត។ ដោយសារហេតុនេះហើយ ទើបបណ្ឌិត សុខ ទូច បានចំណាយពេលវេលាដ៏មានតម្លៃចែករំលែកទ្រឹស្តីនិងបទពិសោធលើការវិភាគជាច្រើនឆ្នាំរបស់លោកជូនទៅកាន់និស្សិតថ្នាក់បណ្ឌិតទាំងអស់។
ក្នុងបទឧទ្ទេសនោះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «រាល់ការវិភាគទាំងអស់ត្រូវតែមានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់និងជាក់លាក់។ ដើម្បីទទួលបានភស្តុតាងទាំងអស់នោះតម្រូវឱ្យអ្នកវិភាគ សិក្សាស្រាវជ្រាវ និងផ្អៀងផ្ទាត់ចំពោះព្រឹត្តិការណ៍ដែលបានកើតមានឡើងពីប្រភពព័ត៌មានជាច្រើន មុនពេលធ្វើការវិភាគណាមួយ ព្រោះការវិភាគព្រឹត្តិការណ៍សង្គមគឺអាចនាំមកនូវឥទ្ធិពលជាច្រើន»។
ឆ្លងតាមរយៈការសិក្សាវគ្គពិសេសជាមួយនឹងបណ្ឌិតសភាចារ្យ សុខ ទូច រួចមក និស្សិតថ្នាក់បណ្ឌិត បានលើកឡើងថា ការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ពិតជាទទួលបានចំណេះដឹងពាក់ព័ន្ធជាច្រើន ពីលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ និងបណ្ឌិតសភាចារ្យ ដែលពោរពេញដោយបទពិសោធជាក់ស្តែង និងច្បាស់លាស់៕