សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវនៃការជួបគ្នាឡើងវិញរវាងសម្តេចជាមួយភរិយា និងសម្តេចធិបតី កាលពី៤៥ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានរំលឹកពីនៃការជួបគ្នាឡើងវិញរវាងសម្ដេច និងភរិយាជាមួយនឹងកូនច្បងរបស់សម្ដេចគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពី ៤៥ឆ្នាំមុន (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។

ក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោបានលើកឡើងថា៖ “ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើក ទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយ​ភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។ តាំងពីរៀបការថ្ងៃ៥ មករា ១៩៧៦ ប្តីប្រពន្ធខ្ញុំជួបតែរឿងអកុសលមិនមានសេចក្តីសុខនោះឡើយ។ វាមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាទេ តែសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលរស់នៅក្រោមរបប ប៉ុល ពត។ តើមានមេដឹកនាំលើពិភពលោកនេះ ប៉ុន្មាននាក់ដែលលំបាកវេទនាដូចរូបខ្ញុំ?។ បន្ទាប់ពីរៀបការហើយត្រូវគេបំបែក មានកូនទីមួយគ្រូពេទ្យធ្វើឱ្យធ្លាក់ស្លាប់មិនទទួលបានការអនុញ្ញាតឱ៌្យយកសពកូនទៅកប់និងមើលថែរភរិយាក្រោយសម្រាលកូន។ទឹកភ្នែករបស់ខ្ញុំ និងភរិយាធ្លាក់មកច្រើនណាស់ដែលជាតំណាងឱ្យការឈឺចាប់។ ច្រើនលើកណាស់ដែលទឹកភ្នែកខ្ញុំហូរធ្លាក់ចូលក្នុងចានបាយ​ចានបបរ។ ខ្ញុំបែកពីភរិយា និងពីមាតុភូមិនារាត្រីថ្ងៃ២០ មិថុនា ១៩៧៧ ក្នុងពេលដែលភរិយាខ្ញុំមានផ្ទៃពោះជាង​៥ខែ ដែលកូននោះជានាយករដ្ឋមន្ត្រីកម្ពុជា​នាបច្ចុប្បន្ននេះ។ អត្ថបទនេះខ្ញុំចង់រៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃ២៤ កុម្ភៈ ១៩៧៩ជាថ្ងៃដែលខ្ញុំបាន​ជួបភរិយា និងកូនខ្ញុំនៅទីក្រុងភ្នំពេញព្រោះក្នុងការសរសេរមុនៗ និងក្នុងខ្សែភាពយន្តពុំមាននិយាយលំអិតនូវរឿងនេះទេ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ភរិយាខ្ញុំមិនទាន់បង្ហាញខ្លួននៅឡើយទេព្រោះសភាពការណ៍នៅស្មុគ្រស្មាញណាស់នាពេលនោះ។ការបាត់ដំណឹងទាំងភរិយា និងក្រុមគ្រួសារទាំងមូលរយ:ពេលជាង១ខែក្រោយប្រទេសត្រូវបានរំដោះធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំបានស្លាប់ទៅហើយ។

អាស្រ័យដោយធ្លាប់មានការយល់ច្រឡំរបស់ស្ត្រីវ័យចំណាស់២នាក់រួចមកហើយថាខ្ញុំជាប្តីរបស់គាត់ដោយឈ្មោះដូចគ្នា ដូចនេះពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាលនូ បេង ទៅប្រាប់ខ្ញុំនាពេលល្ងាចថ្ងៃ២៤ កុម្ភៈ ១៩៧៩នៅក្រសួងការបរទេសខ្ញុំមិនជឿទាល់តែសោះ។ តែទោះយ៉ាងណាក៏ខ្ញុំដល់ម៉ោងចេញពីធ្វើការត្រឡប់មកផ្ទះវិញផងដែរ។ មកដល់ផ្ទះខ្ញុំឃើញ និងជួប រ៉ានី ភរិយាខ្ញុំបន្ទាប់មកជួបកូនប្រុសខ្ញុំដែលនេះជាការជួបជុំរយៈពេល ៤៥ឆ្នាំកន្លងមកនេះ។ ការជួបជុំប្រពន្ធកូនឡើងវិញជារឿងសប្បាយតែសង្រ្គាមរវាងឪពុក និងកូនក៏ចាប់ផ្តើមដែរ។ ម៉ាណែតមិនត្រឹមតែមិនព្រម​ហៅ​ខ្ញុំជាពុកប៉ុណ្ណោះទេតែគេមិនឱ្យខ្ញុំប៉ះពាល់ខ្លួនគេទៀតផង។ កាន់តែឆ្ងាយជាងនេះទៀតនោះគឺការតតាំងគ្នា​ដណ្តើមម្តាយ និងប្រពន្ធរវាងឪពុក និងកូនតូច។ ម៉ាណែតមិននិយាយច្រើនហើយក៏មិនមានអាកប្បកិរិយាមិនល្អណាមួយដាក់ខ្ញុំទេគេសុភាពរាបសារលួចសម្លឹងមើលមុខខ្ញុំម្តងៗ នៅមុនពេលបាយល្ងាច។ នៅពេលយប់ក្នុងបន្ទប់សម្រាករបស់ខ្ញុំមានគ្រែមួយតែមិនមានពូកទេព្រោះខ្ញុំមិនចេះដេកពូក មានកន្ទេលក្រហម និងមុង។ ក្រៅពីនេះមានតុ និងកៅអីសម្រាប់ខ្ញុំធ្វើការពេលយប់។

ការបំភ្លឺក្នុងបន្ទប់នាពេលនោះគឺប្រើចង្កៀងប្រេងកាតអាស្រ័យដោយទីក្រុងភ្នំពេញទាំងមូលនាពេលនោះពុំមានភ្លើងអគ្គីសនីប្រើប្រាស់ទេ។ ខ្ញុំខិតខំរកស្ករគ្រាប់បានប្រហែល១០គ្រាប់យកមកឱ្យកូន។ ម៉ាណែតបានទទួល​យក​ស្ករគ្រាប់នេះដោយទឹកមុខញញឹម ឃើញស្ថានភាពបែបនេះខ្ញុំគិតថាកូនប្រហែលស្គាល់ខ្ញុំជាឪពុករបស់គេហើយ។ ក្រោយម៉ាណែតទទួលយកស្ករគ្រាប់ហើយ ខ្ញុំក៏ដើរទៅអង្គុយលើកៅអី ដើម្បីមើលឯកសារនៅលើតុជាមួយចង្កៀងប្រេង​កាត​។

ក្រឡេកបែរក្រោយខ្ញុំឃើញម៉ាណែតកំពុងយកស្ករគ្រាប់គប់លេងព្រោះគេអត់ស្គាល់ថាជារបស់សម្រាប់ហូបទេ។ ខ្ញុំខ្លោចចិត្តអាណិតកូនក៏ប្រាប់ទៅភរិយាខ្ញុំ ដែលទើបចេញពីបន្ទប់ទឹកឱ្យបកស្ករគ្រាប់ឱ្យកូនញាំ។ ខ្ញុំនៅចាំបានថាភរិយាខ្ញុំឱ្យម៉ាណែតញាំត្រឹម ២គ្រាប់ប៉ុណ្ណោះព្រោះខ្លាចកូនក្តៅខ្លួនតែម៉ាណែតចង់ញាំទៀតព្រោះទើបនឹងផ្តាច់​ដោះ​ប្រហែល១ខែមុនប៉ុណ្ណោះ ។ ម៉ាណែតជាកូនស្តាប់ម្តាយមិនទាមទារទៀតទេ និងក៏ដល់ពេលដែលម្តាយលើកម៉ាណែតឡើងលើគ្រែដើម្បីគេងនៅម៉ោងប្រហែលជាង៩យប់។ឃើញម៉ែកូនឡើងលើគ្រែខ្ញុំក៏ប្រញ៉ាប់ទៅទម្លាក់មុងដើម្បីសម្រាកដែរ។ ឃើញខ្ញុំឡើងគ្រែរៀបសម្រាកម៉ាណែតយំដេញខ្ញុំឱ្យចេញពីមុង និងចុះពីគ្រែ។

អត់មានជម្រើសក្រៅពីចុះចាញ់កូនសុខចិត្តចុះចេញពីគ្រែមកអង្គុយធ្វើការរង់ចាំកូនដេកលក់ទើបហ៊ានឡើងទៅដេកលើគ្រែវិញដោយដាក់កូនទៅកៀនគ្រែកៀកជញ្ជាំង។ពេលព្រឹកត្រូវក្រោកឱ្យបានឆាប់កុំឱ្យម៉ាណែតឃើញ។ ការធ្វើបែបនេះអស់ប្រហែលជាង១០ថ្ងៃ។ នេះពិតជាស្នេហាកញ្ឆក់ កន្ដៀតមែន តាំងពីពេលរៀបការរហូតដល់ម៉ាណែតព្រមទទួលស្គាល់ថាជាឪពុក។នេះហើយជាផលវិបាកនៃសង្រ្គាមនិងរបបប្រល័យពូជសាសន៍ដូចនេះត្រូវរួមគ្នា​ការ​ពារសន្តិភាពឱ្យខាងតែបានទោះត្រូវបង់ថ្លៃដោយតម្លៃណាក៏ដោយ”៕