គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន បានជួបពិភាក្សាជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ ថៃ និងប្រតិភូ អមដំណើរបានបង្ហាញពីបំណង (១).ចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាសុីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន (អាចច្រោះទឹកសមុទ្របរិភោគបាន) ដែលការប្រើទឹកបែបនេះអាចលើកគុណភាពបន្លែ សម្រាប់សុខភាព និង (២).បាននឹងបន្តប្រមែប្រមូលយកគ្រឿងយន្តកសិកម្ម ដែលកសិករជប៉ុនប្រើប្រាស់ ដើម្បីប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្តនិងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រតិភូ ដោយសន្យាថា នឹងជួយសម្របសម្រួល បង្កើតសាលាកសិកម្មនៅវិទ្យាល័យខាងលើ ដើម្បីយុវជនវ័យក្មេងអាចមានការយល់ដឹងអំពីផលិតកម្មបន្លែ និងជម្រាបស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីផ្តល់គ្រឿងយន្តនិងបរិក្ខារដែលនឹងទទួលបានទាំងនោះ សម្រាប់ជូនដល់សហគមន៍កសិកម្មទំនើប ដែលនឹងបង្កើតឡើងនាពេលខាងមុខ ដើម្បីប្រើប្រាស់ សម្រួលដល់ការងារផលិតកម្មរបស់ពួកគាត់៕