Wonders of the Mekong សាទរកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីចំនួនពីរនៅទន្លេមេគង្គ ភាគខាងជើងប្រទេស

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានអបអរសាទរប្រទេសកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីដ៏រ៉ាំរ៉ៃចំនួនពីរ នៅទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា។

Wonders of the Mekong នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ បានផ្សព្វផ្សាយផែនទីអភិវឌ្ឍន៍ទំនប់ និងបានបញ្ជាក់ថា៖ «ដៃគូគម្រោងរបស់យើងនៅមជ្ឈមណ្ឌល Stimson បានបង្កើតឧបករណ៍ត្រួតពិនិត្យទំនប់វារីអគ្គិសនីមេគង្គ ហើយបានផលិតក្រាហ្វិចដ៏ល្អនេះ បង្ហាញពីទីតាំងទំនប់នានាដែលកំពុងដំណើរការ កំពុងសាងសង់ ឬត្រូវបានស្នើឡើងដើម្បីសាងសង់នៅតាមបណ្តោយ នៃផ្នែកសំខាន់នៃទន្លេមេគង្គ។ ទំនប់វារីអគ្គីសនីបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើដំណើរការធម្មជាតិនៃទន្លេមេគង្គ ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះ និងជលផល»។

ប្រភពដដែលបន្តថា៖ «គម្រោងថ្មីជាច្រើនកំពុងចាប់ផ្ដើមនៅក្នុងប្រទេសឡាវ ដែលបន្តពង្រីកវារីអគ្គិសនី។ ផ្ទុយទៅវិញ យើងមានការសាទរចំពោះប្រទេសកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីដ៏រ៉ាំរ៉ៃចំនួនពីរនៅទន្លេមេគង្គ ភាគខាងជើងនៃប្រទេស។ ការផ្អាកនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ជីវៈចម្រុះដ៏អស្ចារ្យនៃតំបន់នេះ ដែលរួមមានផ្សោតទន្លេមេគង្គដែលជិតផុតពូជ និងប្រភេទត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនទៀត»។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់បានប្រកាសផែនការសម្រាប់កសាងទំនប់វារីអគ្គីសនីចំនួនពីរ នៅសំបូរក្នុងខេត្តក្រចេះនិងស្ទឹងត្រែងដែរ។ ប៉ុន្តែគម្រោងទាំងពីរនេះ ត្រូវបានផ្អាកក្នុងផែនការចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដោយកម្ពុជាមិនមានផែនការការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គទៀតទេ ដោយសារកម្ពុជានឹងងាកទៅស្វែងរកប្រភពថាមពលឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ។

កាលពីចុងឆ្នាំ២០២៣កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់ផងដែរ។ ការងាកចេញពីគម្រោងវារីអគ្គីសនី​និងធ្យូងថ្មនេះ មកបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀតរបស់កម្ពុជា គឺជាការចូលរួមចំណែកដ៏ធំក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕

អត្ថបទ៖ អក្ខរា