សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនឯកឧត្តម ហ៊ុន ម៉ានី ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិន​មែនជាមិនមែនជាឯកឧត្តម ហ៊ុន ម៉ានី ប្អូនប្រុសរបស់សម្ដេចក៏ដោយ ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ។ សម្តេចធិបតី បានថ្លែងថា ការតម្លើងឋានៈឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ឋានានុក្រមការងារ ផ្តល់ទម្ងន់ និងប្រសិទ្ធភាពការងារ ក្នុងកិច្ចការងារកម្រែទម្រង់។

សម្តេចធិបតីបានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណនេះមានការងារច្រើនដែលត្រូវទទួលខុសត្រូវ និងចាត់ចែងជាជំនួយទៅដល់នាយករដ្ឋមន្ត្រី។ ដូច្នេះការងារកំណែទម្រង់នេះ ត្រូវបង្កើនសិទ្ធិ តួនាទី និងទម្ងន់នៅក្នុងការដឹកនាំអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព ហើយដើម្បីឲ្យមានប្រសិទ្ធភាពគឺត្រូវការដាវ។ សម្តេចគូសបញ្ជាក់ យើងអត់មានពេលច្រើនទេ ក្នុងកិច្ចការងារកម្រែទម្រង់នេះ ត្រូវធ្វើឲ្យដាច់លះតែម្តង។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី។ រដ្ឋសភា ក៏​បាន​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស​២រូប​ថែមទៀត គឺឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ផងដែរ៕

អត្ថបទ៖ អក្ខរា