សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅប្រទេសថៃ។
លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់សុីន ទោះបីមានជំងឺក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។
សម្តេចតេជោបន្តថា ដើម្បីពង្រឺងចំណងមិត្តភាពសម្តេចបានអញ្ជើញ កូនស្រីពៅ លោក ថាក់ស៊ីន គឺលោកស្រី អ៊ុងអុីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។
សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល ៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។
ជាមួយគ្នានេះ សម្តេចតេជោក៏បានប្រកាសអរគុណឯកឧត្តមថាក់ស៊ីន និងកូនស្រីរបស់ឯកឧត្តនដែលបានទទួលវត្តមានសម្តេចតេជោនៅថ្ងៃនេះ៕