សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលចេញពីក្របខណ្ឌ បើជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា នេះជាការពន្លាតនៃការអនុវត្តទូទាំងមន្ត្រីរាជរដ្ឋាភិបាលតែម្តង ពោលគឺទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យតែរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។
សម្តេចបញ្ជាក់ថា គ្មានការអនុគ្រោះទៀតទេក្នុងជួររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធគ្រឿងញៀន ហើយនេះជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹង។ ទន្ទឹមនេះ សម្តេចបានណែនាំឲ្យក្រសួងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈចែករំលែកទិន្នន័យគ្នាចំពោះមន្ត្រីដែលត្រូវបានបណ្តេញចេញ ដើម្បីកុំឲ្យទៅជ្រកនៅស្ថាប័នផ្សេងទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា