អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈនេះ បដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ។
ថ្មីៗនេះមានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើ ហិង្សា លើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុបចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនិងអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ អក្ខរា