កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមហ៊ុន BYD បានសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ខ្លួននៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសន្ទុះនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយ៉ាងឆាប់រហ័ស ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍នៃការប្រើប្រាស់ មានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង ដូចជាការសន្សំសំចៃលើការប្រើប្រាស់ ការថែទាំ និងមិនបំពុលបរិស្ថាន។
លោកថា ទន្ទឹមនឹងការកើនឡើងនេះ កម្ពុជាត្រូវការគោលនយោបាយ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយ ដែលការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាលពិតជាមានសារៈសំខាន់មិនអាចខ្វះបានក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាល កម្ពុជាគ្រោងនឹងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តក្រុងដល់ ៤០% និងម៉ូតូអគ្គិសនីដល់ ៧០% នៅឆ្នាំ២០៥០៕