នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល ៦ខែ ហើយ។ ថ្វីបើរយៈពេលខ្លី តែរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំធេងនិងមានប្រជាប្រិយភាពខ្ពស់ហួសពីការស្មាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងវេទិកាសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា រយៈពេល ៦ ខែកន្លងមកនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកសាងសមិទ្ធផលជាច្រើន ឆ្លើយតបនឹងតម្រូវការជាផលប្រយោជន៍រួមរបស់ប្រជាជជ និងប្រទេសជាតិ។
ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិរក្សាបានភាពល្អរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ យុទ្ធសាស្ត្របច្ចកោណបានដំណើរទៅមុខដោយរលូនដូចការគ្រោងទុក ស្របពេលគោលនយោបាយ ៦ចំណុច ដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងអនុវត្តន៍ដោយសកម្មបង្កើតជាប្រយោជន៍រួមជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋកម្ពុជា។
បើតាមឯកឧត្តម ប៉ែន បូណា, រាជរដ្ឋាភិបាលក៏បាននិងកំពុងធ្វើកំណែរទម្រង់ស៊ីជំរៅលើវិស័យពាក់ព័ន្ធជាច្រើន ក្នុងនោះវិស័យយុត្តិធម៌ វិស័យមុខងារសារធារណៈ វិស័យដីធ្លី កំពុងអនុវត្តន៍យ៉ាងសកម្មនាំមុខគេ គ្រាដែរ ការងារពាក់ព័ន្ធនឹងសន្តិសុខជាតិ បង្ក្រាបក្មេងទំនើង គ្រឿងញៀន និងបញ្ហាល្បែង ស៊ីសងជាដើម ក៏បាននិងកំពុងអនុវត្តយ៉ាងសកម្មផងដែរ៕
អត្ថបទ៖ អក្ខរា