លោក ទីប្រឹក្សា៖ សៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្ម​បញ្ចប់សង្រ្កាម​នៅកម្ពុជា) នឹងត្រូវ​បញ្ចប់ការរៀបរៀង​ក្នុងពេលឆាប់ៗនេះ

លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មេរ និងចាទីប្រឹក្សាផ្ទាល់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងឆាប់ៗឆាងមុខនេះ លោកនឹងបញ្ចប់​វណ្ណ​កម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាម​នៅ​កម្ពុជា)។

លោកពៅ សុខ មានប្រសាសន៍ទៀតថា សៀវភៅនេះ គឺនិយាយតែពីសកម្មភាពស្វែងរកការចរចាសន្តិភាព​របស់សម្តេចតេជោ ហ៊ុន សែន ចន្លោះពីចុងឆ្នាំ១៩៨៧ ដល់ចុងឆ្នាំ១៩៩៨ ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកដោយចំហរថា សង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ វិថីសន្តិភាព និង​ការអភិវឌ្ឍ បានមានវត្តមាននៅកម្ពុជា។

លោក ពៅ សុខ បញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរយៈពេលច្រើនឆ្នាំបង្គួរមក លោកឃើញថា ទម្រាំកម្ពុជា​ទទួល​បាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស កម្ពុជាប្រែក្លាយពីប្រទេសដែលមានតំបន់ត្រួតត្រា៤ មក​ជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ដែនដីតែមួយ រដ្ឋបាល​តែ​មួយ សម្តេចតេជោ ហ៊ុន សែន បានប្រថុយគ្រោះថ្នាក់ចំនួន៤ករណី ដែលទីមួយ នៅពេលសម្តេច សម្រេច​ចិត្ត​បើកផ្លូវ និងស្វះស្វែងរកឱ្យមានការចរចា ឬជំនួបលើកទី១ ហ៊ុន សែន សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ទី២ ការធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ទី៣ ការធ្វើកំណែទម្រង់ដីធ្លី ទី៤ ការធ្វើកំណែទម្រង់របបនយោបាយ ដែលក្នុងនោះ ការផ្លាស់ប្តូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា (រដ្ឋកម្ពុជា) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​១៩៨៩ ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកែប្រែទង់ជាតិ និងភ្លេងជាតិជាដើម។

លោក ពៅ សុខ អះអាងថា ករណីទាំងនេះ សុទ្ធតែជាការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិតរបស់​សម្តេចទាំង​អស់ ប៉ុន្តែ នៅពេលនោះសម្តេច ដែលស្ថិតនៅជាឯកឧត្តមនៅឡើយ តែងតែមានប្រសាសន៍ប្រាប់អ្នកកាសែ​ត​ថា សម្តេចមិនខ្លាចនឹងលះបង់ឡើយ ឱ្យតែប្រជាជនកម្ពុជាមានសុខ ឱ្យតែប្រទេសកម្ពុជាមានសុខសន្តិភាព ឱ្យតែអាចបញ្ចប់ការបង្ហូរឈាមប្រជាជនកម្ពុជាបាន។ លោកលើកឡើងទៀតថា តាមការអះអាងរបស់​លោក​ចម ប្រសិទ្ធ ដែលប្រាប់អ្នកកាសែតបរទេសនៅអំឡុងពេលនោះ គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបាន​គេ​ប៉ុន​ប៉ងធ្វើឃាតជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ហើយសម្តេចកម្រនឹងពាក់អាវក្រោះដើម្បីការពារខ្លួន ដោយ​សម្តេចមានប្រសាសន៍ប្រាប់បាងកកប៉ុស្តិ៍ថា ប្រជាជនកម្ពុជាគ្រប់ទីកន្លែងជាអាវក្រោះរបស់សម្តេច ជាអាវក្រោះ​ការពារសម្តេច។ សម្តេច តែងតែបន្លំខ្លួនទៅខ្ចីម៉ូតូអ្នកស្រុកជិះ ដើម្បីស្វែង​រកតម្រូវការពិតរបស់ប្រជាជនក្នុង​មូលដ្ឋាន ជាជាងស្តាប់របាយការណ៍មន្រ្តីមូលដ្ឋាន។ សម្តេចតេជោ គឺជា​មនុស្សប្រាកដនិយម ឬជាក់ស្តែង​និយម និងជឿជាក់និយមម្នាក់៕