សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “រាជរដ្ឋាភិបាលមិនមានផែនការលើករាជធានីភ្នំពេញ ទៅទីតាំងផ្សេងនោះទេ គឺមានតែពង្រឹងនៅនឹងកន្លែង។ នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។
សម្តេចធិបតីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។
គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន តម្លៃ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ៕
អត្ថបទ៖ អក្ខរា