ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោល ការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”។
អ្នកនាំពាក្យក្រសួងថា ពុំបានចេញសេចក្ដីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ The Diplomat។ ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន ថាសហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០។ អ្នកនាំពាក្យបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល ទទួលបាន GSP របស់សហរដ្ឋអាមេរិកទាំងអស់ ពុំមែនជាករណីដោយឡែកចំពោះតែកម្ពុជាមួយនោះទេ។
គួរបញ្ជាក់ថា សារព័ត៌មានThe Diplomat បានចេញផ្សាយអត្ថបទនៅថ្ងៃទី១៦កុម្ភៈ ដោយបានធ្វើការប្រៀបធៀបពីរបៀបដឹកនាំនៅកម្ពុជា និងកូរ៉េខាងជើងគឺជាទាហរណ៍នៃរបបផ្តាច់ការដែលប្តេជ្ញាផ្ទេរអំណាចពូជ ដោយគ្មានប្រកួតប្រជែងអំណាចដោយបើកចំហសម្រាប់សាធារណៈជន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនដូចកូរ៉េខាងជើងនោះឡើយ។បើតាមលោកជុំ សន្ទរី កម្ពុជាមានការបោះឆ្នោតជាទៀងទាត់តាំងពីឆ្នាំ១៩៩៣មក និងការបោះឆ្នោតចុងក្រោយនៅឆ្នាំ២០២៣ គឺមានគណបក្សចូលរួមរហូត១៨បក្ស។ មួយវិញទៀត ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺនៅតែបន្តសហប្រតិបត្តិការលើផ្នែកជាច្រើនទាំងពាណិជ្ជកម្មវប្បធម៌ សុខភាព និងការអប់រំជាដើម៕
អត្ថបទ៖ អក្ខរា