អ្នកនាំពាក្យ៖ ស្ថានភាពសន្តិសុខ សុវត្ថិភាពនៅភ្នំពេញ មិនដូចស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាលើកឡើងនោះទេ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាបានលើកឡើងនោះទេ។

ក្នុងសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយ លើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ពាក់ព័ន្ធការសម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនោះទេ។

អ្នកនាំពាក្យបញ្ជាក់ជូនសាធារណជនថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ដែលកំពុងរស់នៅ និង មកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញគ្រប់កាលៈទេសៈទាំងអស់ ដោយបានចាត់ទុកការងារនេះ មានភាពសារៈសំខាន់ និងចាំបាច់បំផុត។ គ្រប់បទល្មើសដែលបានកើតឡើង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយ និងខិតខំស្រាវជ្រាវឱ្យអស់លទ្ធភាព ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាប្រព្រឹត្តល្មើសមកផ្តន្ទាទោស តាមនីតិវិធីច្បាប់។ ទន្ទឹមគ្នានោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំយន្តការ ផែនការ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់ឱ្យកាន់តែមាន ប្រសិទ្ធភាព។

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកឡើងលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ប៉ុន្មានខែចុងក្រោយនេះ នៅទីក្រុងភ្នំពេញ (ជាពិសេសនៅតំបន់ព្រះស៊ីសុវត្ថិ និងតំបន់ក្បែរនោះ) មាននិន្នាការបង្កើនចំនួនចោរលួចតាមផ្លូវ ហើយជនរងគ្រោះជនជាតិរុស្ស៊ី។ គ្រោងការណ៍ទូទៅបំផុតគឺការចាប់យករបស់ផ្ទាល់ខ្លួនពីដៃ ឬកាប៊ីនរបស់អ្នកជិះម៉ូតូឆ្លងកាត់។ នៅក្នុងកាលៈទេសៈនេះ ស្ថានទូតរុស្ស៊ី អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ដូចជាកុំយកឯកសារដើម និងវត្ថុមានតម្លៃទៅជាមួយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញី ដូចការ ចេញផ្សាយបែបនេះ។ ក្នុងករណីមានបញ្ហាកើតឡើង សូមទំនាក់ទំនងរាយការណ៍អំពីហេតុការណ៍ភ្លាមៗ មកកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលដែលនៅជិតបំផុត ឬ តាមរយៈលេខទូរស័ព្ទ Hotline: ១១៧ និង ០១២ ៩៩៩ ៩៩៩ ដើម្បីសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា៕

អត្ថបទ៖ អក្ខរា