គិតមកដល់ថ្ងៃនេះ វឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់សម្រេចបានប្រមាណ ៨០,៦ភាគរយ។ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣៧០០ម៉ែត្រ ជាលទ្ធផលសម្រេចបានការងារចាក់បេតុងប្រឡាយបានប្រវែង ៥០០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។
សូមជម្រាបថា គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមមានការងារសំខាន់ៗដូចជា៖ ទី១)ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ត ទី២)សាងសង់និងជួសជុលប្រឡាយ ទី៣)សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យមើលការងារស្តារខ្សាច់ពីប្រឡាយ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសយកចិត្តទុកដាក់លើការងារសាងសង់ឱ្យបានរួចរាល់តាមកិច្ចសន្យានៃគម្រោង។
គួរបញ្ជាក់ថា គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ ក្រោយពេលការងារសាងសង់រួច នឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤ គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០ ១៥០ហិកតា នៅរដូវប្រាំង និង ១៧ ៧៣០ហិកតា នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ៕
អត្ថបទ៖ អក្ខរា