ស្នងការខេត្តកំពត ប្រាប់ឲ្យពលរដ្ឋថតរាយការណ៍ បើមានមន្ត្រីចរាចរណ៍ពួនបាញ់ល្បឿន នឹងត្រូវដកចោល

ស្នងការដ្ឋាននគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ឲ្យពលរដ្ឋថតរាយការណ៍ផ្ញើមកស្នងការ បើឃើញមានមន្ត្រីចរាចរណ៍ពួនបាញ់ល្បឿននៅលើផ្លូវជាតិ។ លោកស្នងការបញ្ជាក់ថា ប៉ូលិសបាញ់ល្បឿនដែលមិនអនុវត្តតាមការណែនាំ ហើយលួចពួនបាញ់ល្បឿននោះនឹងត្រូវដកចោល។

សូមបញ្ជាក់ថា ស្នងការខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានបង្ហាញពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលបាញ់ល្បឿននៅលើផ្លូវជាតិលេខបី ក្នុងភូមិសាស្ត្រខេត្តកំពត កំលាំងចរាចរណ៍នៃស្នងការនគរបាលខេត្តកំពត គឺអនុវត្តបែបនេះ បន្ទាប់ពីបងប្អូនបានឃើញស្លាកសញ្ញាកំណត់ល្បឿននេះចម្ងាយប្រហែល ៤០០ម៉ែត្រ និងដល់កន្លែងបាញ់ល្បឿន។

ស្នងការខេត្តនេះ បានលើកឡើងថា ការចូលរួមគោរពច្បាប់ចរាចរណ៍គឺដើម្បីខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងដើម្បីអោយប្រទេសយើងកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង និងដើម្បីកាត់បន្ថយនូវការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ៕

អត្ថបទ៖ អក្ខរា