ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរំឭកពីមគ្គុទ្ទេសក៍សម្តេចតេជោ ហ៊ុន សែន ក្នុងការពន្លត់ភ្លើងសង្គ្រាម និងផ្តល់ការអភិវឌ្ឍអគិ្គសនី ហើយជម្រាបជូនពីផែនការ និងសមិទ្ធផលថ្មីៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្តេជ្ញាធានាការអភិវឌ្ឍវិស័យគន្លឹះនេះប្រកបដោយចីរភាព និងទទួលខុសត្រូវខ្ពស់សម្រាប់ជាប្រយោជន៍ជាតិខ្មែរ។
ឯកឧត្តម កែវ រតនៈ វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សេវាករឯកជន អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរថ្នាក់ក្រោមជាតិចំពោះសមិទ្ធផលបច្ចុប្បន្ន និងអំពាវនាវឱ្យមានការកែទម្រង់បន្តផ្នែកសេវាកម្មជូនអ្នកប្រើប្រាស់ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី ទាមទារឱ្យអាជ្ញាធរអគ្គិសនីដឹកនាំការធ្វើវេទិកាសាធារណៈពីការបម្រើសេវាអគ្គិសនីគ្រប់ខេត្តក្រុង និងសំណូមពរប្រតិបត្តិករអគ្គិសនីជួយប្រើប្រាស់ឧបករណ៍អគ្គិសនីផលិតក្នុងស្រុក។
សូមបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបញ្ចប់ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យ និងពិភាក្សាជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលវិស័យអគ្គិសនីកម្ពុជា បានជួបប្រទះក្នុងការផ្តល់សេវាកម្មអគ្គិសនី និងការប្រើប្រាស់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៣ ព្រមទាំងធ្វើការពិភាក្សាលើកទិសដៅការងារ និងផែនការសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ។
សន្និបាតដែល ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ មានការចូលរួមពីតំណាងមកពីក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, អាជ្ញាធរសវនកម្មជាតិ, រដ្ឋបាលរាជធានី/ខេត្ត, មន្ទីររ៉ែ និងថាមពលរាជធានី/ខេត្ត, អគ្គិសនីកម្ពុជាមកពីទីស្នាក់ការកណ្តាលវត្តភ្នំ និងមកពីបណ្តាខេត្តនានា, មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ (ម.អ.ជ), សមាគមអគ្គិសនីជនបទ, អាជ្ញាធរមូលដ្ឋាន, អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស សរុបប្រមាណ ៦៥០នាក់៕