រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះ ថា “បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈម នឹងការបណ្តេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់…..។ល។
យោងតាមមាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានកំណត់ឱ្យការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ហេតុនេះ ការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើឱ្យចលាចលដល់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និង រៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាល ឃុំ សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការគំរាមកំហែងដល់ អ្នកបោះឆ្នោត ជាអំពើដែលត្រូវផ្តន្ទាទោសតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ដែលចែងកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានានូវដំណើរការរដ្ឋបាល នៃរដ្ឋបាលឃុំ សង្កាត់ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រសួងមហាផ្ទៃ បញ្ជាក់ជូនសាធារណជនថា ក្រសួងសូមប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹកចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
បើតាមក្រសួងមហាផ្ទៃ ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានជាធរមាន។ អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ អំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ ជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា៕