ក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង បើកកិច្ចប្រជុំលើកទី២៦ និងសម្រេចបានការងាររៀបចំលើឯកសារទស្សនាទាន និងគោលគំនិតសំខាន់ៗ សម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនេះចប់ទាំងស្រុងហើយ។ នេះបើតាមាការឲ្យដឹងពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សា និងពិនិត្យពិចារណាយ៉ាងដិតដល់លើឯកសារគតិយុត្តផ្សេងៗរួចមក ក្រុមការងារបានពិនិត្យឃើញថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៦ ត្រូវរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុង ព្រោះ ខ្លឹមសារមាត្រារបស់ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ ចែងជាលក្ខណៈរួម ទូទៅ មិនបានកំណត់ឱ្យច្បាស់អំពីអំពើល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប និងម្យ៉ាងទៀត ច្បាប់នេះកើតមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមានមាត្រាមួយចំនួនមានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ មិនអាចយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាឬប្រព័ន្ធឌីជីថល(ល្បែងអនឡាញ) និងបទល្មើសពាក់ពន្ធ័ ដូចជាការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់ នៃស្ថានភាពរីកចម្រើនបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បានទេ។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដែលតម្រូវឱ្យមានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពទៅនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាប្រព័ន្ធឌីជីថល(ល្បែងអនឡាញ) និងបទល្មើសពាក់ពន្ធ័ ដូចជាការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់ផងដែរ ។
ការរៀបចំជាច្បាប់ថ្មីនេះ ក្នុងគោលបំណង ដើម្បីកំណត់ឱ្យបានច្បាស់អំពីវិធានបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប ការទទួលខុសត្រូវចំពោះមុខច្បាប់របស់ប្រតិបត្តិករ អ្នកលេងល្បែងល្មើសច្បាប់ និងធានាធ្វើឱ្យវិធាននៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ មានសង្គតិភាព ភាពរលូន និង មានភាពប្រទាក់ក្រឡា ជាមួយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងអាចបំពេញបន្ថែមនូវភាពខ្វះចន្លោះនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម៕