ភ្ញៀវទេសចរ ដែលអញ្ជើញទៅកម្សាន្តនៅខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញគួរឱ្យកត់សម្គាល់ ដោយចាប់ពីខែមករាមក មានភ្ញៀវសម្រុកទៅលេងកម្សាន្តជាមធ្យមច្រើនជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ។
យោងតាមស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តសៀមរាប ផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា រយៈពេល ១ខែកន្លះ ដើមឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ ២២៤ ០០០នាក់ និងភ្ញៀវបរទេស ៧៣ ១៥៦នាក់។ ជាមធ្យមក្នុងមួយថ្ងៃមានភ្ញៀវទេសចរជាតិ ៤ ៩៧៨នាក់ និងបរទេស ១ ៦២៦នាក់។
គួរឲ្យដឹងដែរថា នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ១៣៧,៦៩០នាក់។
តាមរបាយការណ៍សកម្មភាព និងចំនួនទេសចរដើរកម្សាន្តតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌បានបង្ហាញថា នៅថ្ងៃទី៩ ទេសចរជាតិ-អន្ដរជាតិដើរកម្សាន្តតាមប្រាសាទសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ មានចំនួន ២៨,៩១៥នាក់ ចំណែកថ្ងៃទី១០ មានចំនួន៤៦,៣៧១នាក់ និងថ្ងៃទី១១ មានចំនួន ៦២,៤០៤នាក់។ ក្នុងនោះ ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងបន្ទាយស្រីដែលមានទេសសចរទៅកម្សាន្តច្រើនជាងគេ៕
អត្ថពបទ៖ អក្ខរា