ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បាននិងកំពុងសស្រាក់សស្រាំបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ

នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំងប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប,សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕