រដ្ឋមន្ត្រីពីររូប បង្ហាញឆន្ទៈពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធកែប្រែមុខមាត់ទីក្រុងភ្នំពេញ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំបានរៀបចំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសាមីទាំងពីរ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើង ឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ពោល គឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើងពីមួយកម្រិត ទៅមួយកម្រិត ស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដែលមានបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម បានបន្ថែមថា ប្រសិនបើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ សម្រេចទៅបានតាមផែនការដែលគ្រោងទុក នោះរំពឹងថានឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានមោទកភាពប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញនូវឆន្ទៈ និងគោលជំហរយ៉ាងមុតមាំ ក្នុងការចូលរួមពួតដៃជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងស្មារតី ដើម្បីរុញច្រានគម្រោងការងារនេះឱ្យលេចរូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញ ក្លាយជារាជធានីដែលមានភាពទាក់ទាញ និងប្រកបដោយមោទកភាពជាតិ ផងដែរ៕