ឃាតកលេីដងវិថីត្រូវចាប់ឃាត់ខ្លួនបានដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ។ បើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើផេកហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា “ខ្ញុំបានប្រកាស់ហើយថាឱ្យចូលខ្លួនមកដោះស្រាយនៅតែរត់ពួន(ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន)! សូម អរគុណ សមត្ថកិច្ចជំនាញ ស្នងការដ្ឋានរាជធានីស្រាវជ្រាវចាប់ខ្លួនបាន”។
កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈសមត្ថកិច្ចបានរកឃេីញ រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់នៅផ្លូវ៦០ម៉ែត្រខណ្ឌដង្កោ ហេីយយកទៅចតនៅចំណតមុខអគារខុនដូរ R&F ផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័។
គួររំលឹកថាបុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះបេីងខ្ទាតបោកនឹងថ្នល់និងអូសទាំងមនុស្សនិងម៉ូតូឡេីងចិញ្ចេីមផ្លូវ បណ្ដាលឲ្យរបួសកូនស្រីធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រីឯឪពុករងរបួសធ្ងន់ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទេីរទាំងស្រុងហេីយបន្ថែមល្បឿនបេីករត់បាត់។
ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកេីតថ្នល់) ក្នុងសង្កាត់ជេីងឯកខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃចូលឆ្នាំចិនថ្ងៃទីពីរ៕
អត្ថបទ៖ អក្ខរា