គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព

គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននិមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរណ៍ ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និង មានភាពសុខដុមរមនានៅក្នុងសហគមន៍។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញគម្រោងនិងស្នើសុំការគាំទ្រការរៀបចំ មជ្ឈមណ្ឌលសមាធិ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា ការគិតគូរលើកកម្ពស់ជីវភាពសហគមន៍ និងផ្តល់ផលប្រយោជន៍ជូន​សហគមន៍មូលដ្ឋាន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

ឯកឧត្តមរដ្ឋមន្រ្តីជំរុញការគិតគូរបន្ថែមទៀត លើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញ ពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មាន សម្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម ថា ភាពស្អាតរបស់ប្រជាសហគមន៍ដែលកើតចេញពីភាពស្អាត ភាពបៃតង និងចីរភាព ដែលជាការងារអាទិភាពចម្បង របស់ក្រសួងបរិស្ថាន ក្នុងបេសកកម្មធ្វើឱ្យកម្ពុជា មានភាពស្អាត គឺស្អាតពីខាងក្រៅដែលនៅជុំវិញខ្លួនយើង គឺស្អាតដី ស្អាតទឹក និងស្អាតខ្យល់។ ស្របជាមួយគ្នានេះ ការកែប្រែផ្នត់គំនិតស្អាត ក៏ជាកត្តាលីករជួយ ឱ្យភាពស្អាត បានឋិតថេរចីរកាលយូរអង្វែងដែរ។ ចំណែកភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀងត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ ទោះបីស្ថិតនៅក្នុងរដូវកាល បុណ្យទានក្តី ហើយនិងមានការគិតគូរ ដល់សុខភាពអ្នកប្រើប្រាស់ ផងដែរ៕