សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា។ ទន្ទឹមនេះ សម្តេចធិបតី ស្នើក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការ ដើម្បីកែលំអការងារ កុំខ្លាច និងរត់គេចពីការងារធ្វើអធិការកិច្ច។ សម្តេចធិបតី បានថ្លែងបែបនេះក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា ក្រសួងអធិការកិច្ច ដើមឡើយមានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួលក្រសួងនេះមកនៅត្រឹមថា “ក្រសួងអធិការកិច្ច”។

ការកែសម្រួលនេះក្នុងគោលដៅឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាល កិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថ ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដ និយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទ៖ អក្ខរា