សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអង្គភាពស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើអង្គភាពស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់។ សម្តេចធិបតីបញ្ជាក់ថា ការងារអធិការកិច្ច គឺជួយអភិក្រម៤ខាងដើម ក្នុងចំណោមអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ សម្តេចបញ្ជាក់ថា អភិក្រម៤ គឺឆ្លុះបញ្ជាំងនូវគុណសម្បតិ្ត គុណវិបត្តិ ជួយគ្នា ដែលការងារនេះត្រូវការស្ថាប័នដៃគូជាមិត្តពិនិត្យ និងផ្តល់យោបល់ឲ្យគ្នា។ សម្តេចធិបតី បានថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា ក្រសួងអធិការកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អភិបាលកិច្ចនៅតាមក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងប្រសិទ្ធភាព ភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយ ប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ចោលការកិបកេងទ្រព្យសម្បត្តិរដ្ឋ អំពើពុករលួយ ភាពអសកម្មនានា ដែលជាកត្តាបំផ្លិចបំផ្លាញដល់ការអនុវត្តគោល នយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ អក្ខរា