សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍ដល់ក្រសួងអធិការកិច្ច ដែលមានតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ ក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់ ដាក់ទណ្ឌកម្មវិន័យផ្អែកតាមច្បាប់ចំពោះមន្ត្រីសាធារណៈ ដែលបំពានក្រមសីលធម៌ វិជ្ជាជីៈ ឬបំពានអំណាចនៅពេលអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។
សម្តេចធិបតី បានថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សន្និបាតរបស់ក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រគឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ៕
អត្ថបទ៖ អក្ខរា