ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ រួមដំណើរដោយឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងអភិបាលស្រុកជើងព្រៃ បានផ្តល់នូវប្រេងសាំង ចែកជូនដល់បងប្អូនប្រជាកសិករនៅភូមិសណ្តែក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន ១២២គ្រួសារដោយគ្រួសារនីមួយៗទទួលបានប្រេងចំនួន៥លីត្រ ដើម្បីបូមទឹកបញ្ចូលស្រែរដូវប្រាំង។ េនះបើតាមការចុះផ្សាយរបស់រដ្ឋសភានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះផងដែរ ឯកឧត្ដម លន់ លឹមថៃ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេច តែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ។ លើសពីនេះឯកឧត្ដម ក៏បានថ្លែងនូវការអរគុណដល់អាជ្ញាធរក្នុងឃុំសំពងជ័យ និងក្រុមការងារទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាជនបានយ៉ាងល្អ។ ជាក់ស្តែងដូចជាការចុះមកជួយបងប្អូនប្រជាកសិករដែលជួបនូវបញ្ហាខ្វះខាតទឹកក្នុងការបង្កបង្កើនផលនៅក្នុងរដូវប្រាំងនេះបានទាន់ពេលវេលា។
ឯកឧត្ដម ក៏បានបញ្ជាក់ដែរថា ការចែកប្រេងសាំង សម្រាប់បូមទឹកដាក់ស្រូវនាថ្ងៃនេះបើទោះជាតិចតួចក្តីប៉ុន្តែនេះជាការខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូន និងជាការួមចំណែកមួយក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រក្នុងខេត្តកំពង់ចាម។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទំាងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអានាម័យ និងរួបរួមសាមគ្គីគ្នាឱ្យបាន ល្អ កុំជឿលើការញុះញុងរបស់ក្រុមអគតិមួយចំនួនតូចដែលតែងតែព្យាយាមបំបែកបំបាក់ខ្មែរ និងត្រូវមានជំនឿលើការដឹកនាំដ៏ល្អរបស់រដ្ឋាភិបាល។
បន្ទាប់មកឯកឧត្តម លន់ លឹមថៃ រួមនិងប្រតិភូក្រុមការងារក៏បានចុះទៅឃុំស្តើងជ័យ ដើម្បីជួបប្រជាកសិករមួយកន្លែងទៀត និងបានផ្តល់នូវប្រេងចំនួន១៨០លីត្រសម្រាប់ប្រជាកសិករនៅទីនោះផងដែរ។ ទន្ទឹមនោះឯកឧត្តម លន់ លឹមថៃ និង ឯកឧត្តម ប្រាក់ សំអឿន បានប្រគល់ផ្ទះទំហំ៤x៦ម៉ែត្រជូនដល់ជនរងគ្រោះឈ្មោះ ឃាង ផល្លី រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារគ្រោះអគ្គីភ័យកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ៕