អ្នកដាក់ប្រាក់វិនិយោគជាមួយលោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានធ្វើយុទ្ធនាការចេញទាមទារសងប្រាក់ត្រឡប់ឱ្យពួកគេវិញ ដោយថា ពួកគេត្រូវការប្រាក់ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
អ្នកដាក់ប្រាក់វិនិយោគ លើគម្រោងមួយចំនួនជាមួយរដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះកាលពីថ្ងៃទី៨ កុម្ភៈ បាននាំគ្នាបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកស្រដៀងគ្នា ទាមទារឱ្យដោះស្រាយ និងសងប្រាក់ទៅពួកគេវិញ។
អ្នកដាក់ប្រាក់វិនិយោគឈ្មោះ ម៉េង ហ្វាឈីវ (Meng Fa Chiv) បានសរសេរលើហ្វេសប៊ុករបស់ដោយភ្ជាប់ជាមួយនឹងតារាងបង់ប្រាក់វិនិយោគ ក្នុងគម្រោង «សហគមន៍សម្បូរទុរេនអាស្រ័យផលមនោសុខ និង«គម្រោងសហគមន៍សម្បូរបន្លែ និងទុរេនអូសោម រួមទាំងគម្រោងសហគមន៍សម្បូរនាគ ៨២ » អមជាមួយរូបថត លោក យ៉ង់ សាំងកុមារ និងគ្រួសារកាលពីថ្ងៃទី៨ កុម្ភៈ។
នៅក្នុងតារាងគម្រោងនីមួយៗដែលមានឈ្មោះ លោក យ៉ង់ សាំងកុមារ និងប្រពន្ធរបស់លោក គឺលោកស្រី នូ សុជាតិ ចុះហត្ថលេខា ត្រូវបានបង្ហាញជាច្រើននៅលើបណ្តាញសង្គម។
ហ្វេសប៊ុកឈ្មោះ គៀន ចាន់រ៉េត បានសរសេរ កាលពីថ្ងៃទី៨ កុម្ភៈ ថា លោកទុកពេលរហូតដល់ល្ងាចថ្ងៃទី១២ កុម្ភៈ នេះ បើប្រធានគម្រោងដែលដឹកនាំដោយលោក យ៉ង់ សាំងកុមារ មិនដោះស្រាយឱ្យលោក គឺលោកនឹងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមឡាយហ្វេសប៊ុកបង្ហាញ។
លោកថា លោកបានយោគយល់ អត់ធ្មត់ជាង បីឆ្នាំហើយ ហើយថា ពេលលោកឆោឡោទូទាត់ប្រាក់ ពេលលោកស្ងប់ស្ងាត់ គឺលោកធ្វើភ្លេច ហើយរកល្បិចកលកែប្រែគោលការណ៍ទូទាត់ប្រាក់រហូត បំពានកិច្ចសន្យាម្ដងហើយម្ដងទៀត។
ហ្វេសប៊ុកឈ្មោះ គៀន ចាន់រ៉េត៖ «ខ្ញុំទុកពេលរហូតដល់ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បើប្រធានគម្រោងដែលដឹកនាំដោយឯកឧត្តមបណ្ឌិត មិនដោះស្រាយឱ្យខ្ញុំ។ ខ្ញុំនឹងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ឡាយហ្វេសបុកបង្ហាញពីល្បិចកលទាំងឡាយរបស់លោកឯកឧត្ដមបណ្ឌិត ។ ខ្ញុំយោគយល់អស់ហើយ អត់ធ្មត់ ៣ឆ្នាំជាងហើយ។ ពេលខ្ញុំឆោឡោ ទូទាត់ប្រាក់ ពេលខ្ញុំស្ងប់ស្ងាត់ គឺលោកធ្វើភ្លេច ហើយរកល្បិចកលកែប្រែគោលការណ៍ទូទាត់ប្រាក់រហូត បំពានកិច្ចសន្យា ម្ដងហើយម្ដងទៀត។ បើចិត្តខ្ញុំដាក់ចុះហើយ (លែងចង់បានលុយវិញ) គឺលោកបណ្ឌិតកុំសង្ឃឹមអង្គុយដំណែងឯកឧត្ដមជាប់»។